មេ Real Madrid ​បង្ហើប​តម្លៃ​លក់​ Asensio ​ថ្លៃ​ជាង Neymar ​ទៅ​ទៀត

លោក Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​បង្ហើប​ថា​តម្លៃ​ខ្លួន​ខ្សែ​បម្រើ​វ័យ​ក្មេង Marco Asensio ​គឺ​៧០០​លាន​អឺរ៉ូ ​ប្រសិន​បើ​ក្លឹប​ណា​មួយ​ចាប់​អារម្មណ៍។

កាល​ពី​រដូវ​កាល​មុន​មាន​ក្លឹប​នៅ​អង់គ្លេស​ដូចជា Chelsea ​ជា​ដើម ​បាន​ទាក់ទង​មក Real Madrid ​ដើម្បី​ចង់​ដឹង​តម្លៃ​របស់ Asensio ​ក្នុង​ន័យ​ទិញ​យក​ទៅ​លេង​នៅ​ Premier League ។ ដោយ​គ្រា​នោះ ​ក្លឹប​មិន​មាន​បំណង​លក់​ឡើយ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ក្នុង​ការ​លក់​ចេញ​ដែរ។

យ៉ាងណាមិញ​នៅ​ពេល​នេះ​លោក​ Perez ​បែរ​ជា​បញ្ជាក់​ថា​ក្លឹប​នឹង​លក់​កីឡាករ​វ័យ​ក្មេង​របស់​ខ្លួន ប្រសិន​បើ​មាន​អ្នក​ត្រូវ​ការ​ពិត​ប្រាកដ​ជា​មួយ​តម្លៃ​ខ្លួន​ខ្ពស់។ សេដ្ឋី​របស់​អេស្ប៉ាញ​ម្នាក់​នេះ​បន្ថែម​យ៉ាង​ខ្លី​ថា​៖ “ប្រសិន​បើ​មាន​នរណា​ចង់​បាន Mallorcan… ៧០០​លាន​អឺរ៉ូ”។

Asensio ​ទើប​មាន​វ័យ​២២​ឆ្នាំ​ប៉ុណ្ណោះ ដែល​ជា​កីឡាករ​ចេញ​ពី​ថ្នាល​របស់ Real Madrid ​ផ្ទាល់​តែ​ម្ដង។​តាំង​ពី​ឆ្នាំ២០១៦ ​កីឡាករ​លេង​ជា​ខ្សែ​បម្រើ​រូប​នេះ​ក៏​មាន​ឱកាស​បាន​ចាប់​ជា​ជម្រើស​ជាតិ​អេស្ប៉ាញ​ទៅ​ហើយ៕

Facebook Comments
SHARE