មុន​បង្កើត Khmer Smart Keyboard គ្រុយ វណ្ណា ឆ្លងកាត់រឿងរ៉ាវបែប​ណា​ខ្លះ?

ក្រោយ​ពេល​បាត់​មុខ​​រយៈ​ធំ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កើត​ការ​សង្ស័យ​គ្រប់​គ្នា លោក​គ្រុយ វណ្ណា​ បាន​បង្ហាញមុខ​សារ​ជាថ្មី​នៅ​ដើម​ឆ្នាំ ២០១៨។ តាមគណនី ហ្វេសបុក ផ្ទាល់​ខ្លួន​​លោក​​ប្រាប់ពីការ​ចាកចេញ​ពីក្រុម ដែល​ធ្វើ​​ឲ្យ​មហាជន​ទូទៅ​ជាពិសេស​អ្នក​គាំទ្រ​ក្តារ​ចុច​ឆ្លាត​វៃ​ មាន​​ការ​ចាប់​អារម្មណ៍ ។

លោកគ្រុយ វណ្ណា

ការ​ទម្លាយ​​រឿង​រ៉ាវ​​នេះនៅតែ​ជា​អាថ៌កំបាំង ប៉ុន្តែ Sabay នាំ​​​ប្រិយមិត្ត​ដឹង​ពី​​ប្រវត្តិ​​ខ្លះ​ៗរបស់លោក​លោក គ្រុយ វណ្ណា មុនលោក​​ក្លាយ​ជា​​បុគ្គល​ល្បី​ឈ្មោះ​មួយ​រូប៖

  • ជា​អ្នក​រស់​នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល និង​មាន​បង​ប្អូន ៥នាក់ ស្រី៣ ប្រុស២ លោក​ជា​កូន​ទី៣។
  • បាន​ផ្លាស់​មក​រស់​នៅ​ភ្នំពេញ​ម្ដុំ​ទួល​ទំពូង​ បន្ត​រៀន​ថ្នាក់​វិទ្យាល័យ​រហូត​ចប់​បាក់​ឌុប​នៅ​ឆ្នាំ ២០០៣។ ​
  • កាល​នៅ​​រៀន​វិទ្យាល័យ​ លោក​ចូលចិត្ត​មុខវិទ្យា​រូបវិទ្យា​​​ខ្លាំង​ជាង​គេ។
  • រៀន​ចប់​បាក់ឌុប​នៅ​ឆ្នាំ ២០០៣ លោក​បាន​បន្ត​រៀន​បរិញ្ញាបត្រ​ជំនាញ Programming និង Network នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ភាសា​បរទេស​ថ្នាក់​អាហារូបករណ៍​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ពេល​រសៀល។​
  • ធ្លាប់​ធ្វើ​ជា​អ្នក​បញ្ចូល​បទចម្រៀង និង​អ៊ុត​ទូរសព្ទ​ ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ​ ពេល​កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ។ ​
  • ក្រោយ​ចប់​បរិញ្ញាបត្រ​នៅ​​ឆ្នាំ ២០០៧ លោក​បាន​បង្កើត System គ្រប់​គ្រង​​ហាង​លក់​ទំនិញ​​មួយ​កន្លែង​មួយ​កន្លែង មុន​ពេល​ហាង​នោះ​ដួល​ក្ស័យ​ធុន​ទៅវិញ។
  • នៅ​ឆ្នាំ ២០០៧ ដដែល​ លោក​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​រយៈពេល​៣ឆ្នាំនៅ​ជប៉ុន​ផ្នែក Khmer OCR ។
  • ពេល​រៀន​នៅ​ប្រទេស​ជប៉ុន ក្រៅ​ពី​ការ​សិក្សា ឆ្លៀត​ពេល​ទំនេរ​លោក​ធ្វើ​ការ​នៅ​ហាង​នំ McDonald’s ពី​ម៉ោង៥ ដល់​ម៉ោង ៩​ព្រឹក។ ​
  • ក្រោយ​ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ទី​នេះ លោក​បាន​​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Asial ប្រទេស​ជប៉ុន​ជា​អ្នក​សរសេរកម្មវិធី​ទូរសព្ទ​ដោយ​ទទួល​បាន​ប្រាក់​ខែ ៣០០០ដុល្លារ ក្នុង​មួយ​ខែ។
  • ក្រោយ​ពេល​ធ្វើ​ការ​នៅ​ជប៉ុន​បាន​៣ឆ្នាំ​ក៏​ត្រឡប់​មក​ខ្មែរ​វិញ នៅ​ឆ្នាំ ២០១៤ ក៏​បាន​បើក​ក្រុម​ហ៊ុន​មួយមាន​ឈ្មោះ​ថា ALiEN DEV ដែល​មាន​គ្នា ៤ នាក់ ។
  • នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ បាន​បង្កើតក្ដារ​ចុច​សម្រាប់ iOS មាន​ឈ្មោះ​ថា khmer Smart Keyboard ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

ក្រោយ​ពេល​លេច​មុខជាថ្មី​ បច្ចុប្បន្នលោក​បាន​ធ្វើ​ការ​ជា​អ្នក Develop នៅ​ក្រុម​ហ៊ុនជប៉ុន​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

Facebook Comments
SHARE